វិបស្សនា ជា​បច្ចេកទេស​កម្មដ្ឋាន​មួយ​ក្នុង​ចំណោម​បច្ចេកទេស​កម្មដ្ឋាន​ចាស់​ជាង​គេ​បំផុត​នៃ​ប្រទេស​ឥណ្ឌា

ប្រភព មជ្ឈមណ្ឌលវិបស្សនា

សេចក្ដីណែនាំ​អំពី​បច្ចេកទេស

វិបស្សនា ជា​បច្ចេកទេស​កម្មដ្ឋាន​មួយ​ក្នុង​ចំណោម​បច្ចេកទេស​កម្មដ្ឋាន​ចាស់​ជាង​គេ​បំផុត​នៃ​ប្រទេស​ឥណ្ឌា។ មនុស្ស​ជាតិ​បាន​បាត់បង់​បច្ចេកទេស​នេះ​ជា​យូរ​ឣង្វែង​ណាស់​មក​ហើយ តែ​ព្រះ​គោតម​សម្មាសម្ពុទ្ធ​បាន​រក​ឃើញ​ឡើង​វិញ​កាល​ពី​ជាង 2500 ឆ្នាំ​មុន​នេះ។ ពាក្យ វិបស្សនា មាន​ន័យ​ថា ឃើញ​របស់​ផង​ទាំង​ពួង​តាម​ភាពពិត។ វា​គឺ​ជា​បច្ចេកទេស​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ផូរផង់​ដោយ​ខ្លួន​ឯង ដោយ​ការពិនិត្យ​មើល​ខ្លួនឯង។ ជា​ដំបូង គេ​ចាប់​ពិនិត្យ​មើល​ដង្ហើម​ធម្មជាតិ ដើម្បី​ផ្ចង់​ចិត្ត​ឲ្យ​មូល។ ដោយ​មាន​សតិ​ដឹង​យ៉ាង​មុត​នេះ គេ​ពិនិត្យ​មើល​ធម្មជាតិ​ផ្លាស់​ប្តូរ​របស់​កាយ និង ចិត្ត ហើយ​ពិសោធ​ឃើញ​សេចក្តី​ពិត​សាកល​នៃ ឣនិច្ចំទុក្ខំ និង ឣនត្តា។ ការសម្រេច​នូវ​សេចក្តី​ពិត​ដោយសារ​ការពិសោធន៍​ផ្ទាល់​នេះ​ជា​បច្ចេកទេស​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ផូរផង់។ មាគ៌ា​ទាំងមូល (ធម៌) ជាឱសថ​សាកល​សម្រាប់​ដោះស្រាយ​បញ្ហា​សាកល ហើយ​គ្មាន​ឣ្វី​ជាប់​ទាក់ទង​ជាមួយ​នឹង​សាសនា ឬ និកាយ​ណា​មួយ​ឡើយ។ ដោយ​ហេតុ​នេះ បច្ចេកទេស​នេះ​ឣាច​យក​មក​បដិបត្តិ​បាន​ជា​ទូទៅ ដោយ​សេរី នៅ​គ្រប់​ទី​កន្លែង គ្រប់ពេល ដោយ​គ្មាន​ឣ្វី​ទាស់​ខុស​ជាមួយ​ពូជ​សាសន៍, វណ្ណ:, សាសនា​ណា​មួយ​ឡើយ ហើយ​ទទួល​ប្រយោជន៍​ល្អ​ប្រសើរ​ដូចគ្នា​ជាទូទៅ។

តើ​ឣ្វី​ទៅ​ដែល​មិនមែន​ជា​វិបស្សនា៖
វិបស្សនា មិនមែន​ជា​ពិធី​បុណ្យ ឬ ពិធី​សាសនា​ដែល​មាន​ជំនឿ​ងងឹត​ងងល់​ជា​មូលដ្ឋាន​ឡើយ។
វិបស្សនា មិនមែន​ជា​ល្បែង​កំសាន្ត​ខាង​ប្រាជ្ញា​ឈ្លាសវៃ ឬ​ជា​ទស្សនវិជ្ជា​ទេ។
វិបស្សនា មិនមែន​ជា​ពេលសម្រាក​សម្រាប់​ព្យាបាល​ជំងឺ, មិនមែន​ជា​ថ្ងៃ​ឈប់​បុណ្យ ឬ​ជា​ឱកាស​ល្អ​ណា​មួយ​ដើម្បី​ឲ្យ​មនុស្ស​ក្នុង​សង្គម​ប្រាស្រ័យ​ទាក់ទង​គ្នាដោយ​ប្រការ​ណា​មួយ​ឡើយ។
វិបស្សនា មិនមែន​ជា​ការគេចវេះ​ឲ្យ​ផុត​ពី​បញ្ហា, ពី​ទុក្ខ​ព្រួយ​នៃ​ការរស់នៅ​រាល់​ថ្ងៃ​ទេ។

តើ​ឣ្វី​ទៅ​ជា​វិបស្សនា៖
វិបស្សនា ជា​បច្ចេកទេស​មួយ​ដើម្បី​គាស់​រំលើង​ទុក្ខ​ឲ្យ​ដាច់​ឫស​គល់។
វិបស្សនា ជា​បច្ចេកទេស​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ផូរផង់ ដែល​នាំ​មនុស្ស​ឲ្យ​ចេះ​ប្រឈម​មុខ​ចំពោះ​ភាពតានតឹង និង បញ្ហា​ជីវិត​ទាំងឡាយ ប្រកប​ដោយ​ចិត្ត​ស្ងប់ស្ងៀម និង មាន​លំនឹង។
វិបស្សនា ជា​របៀប​រស់នៅ ដែល​នាំ​មនុស្ស​ឲ្យ​ធ្វើ​វិភាគទាន​ជា​កុសល​ចំពោះ​សង្គម។

វិបស្សនា​កម្មដ្ឋាន​មាន​គោល​បំណង​ឆ្ពោះ​ទៅ​រក​គោលដៅ​ផ្លូវ​ចិត្ត​យ៉ាង​ខ្ពស់​បំផុត​នៃ​ការរំដោះ​ទុក្ខ និងការត្រាស់ដឹង​ពេញ​បរិបូណ៌។ គោលដៅ​របស់​វិបស្សនា​គឺ​មិនមែន​សម្រាប់​ព្យាបាល​ជំងឺ​ផ្លូវ​កាយ​ឲ្យ​បាន​ជា​សះ​ស្បើយ​ទេ។ ប៉ុន្តែ​ដោយសារ​លទ្ធផល​បន្ទាប់​បន្សំ​ដែល​កើត​មក​ពី​ការធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ផូរផង់ នុ៎ះ​មាន​ជំងឺ​ផ្លូវ​ចិត្ត និង ផ្លូវ​កាយ​ជា​ច្រើន​ណាស់​ដែល​បាន​ជា​សះ​ស្បើយ​ដាច់​ឫស​គល់​ឣស់។ តាម​ការពិត វិបស្សនា គឺ​ប្រាកដ​ជា​រំលាយ​ហេតុ​បី​យ៉ាង​នៃ​សេចក្តី​ទុក្ខ​ទាំងឣស់​បាន ពោល​គឺ៖ លោភ: ទោស: និង មោហ:។ ដោយសារ​ការបដិបត្តិ​យ៉ាង​ជាប់​ជានិច្ច សមាធិ​នឹង​ជួយ​បន្ធូរ​បន្ថយ​ភាពតានតឹង​ដែល​ចេះ​តែ​មាន​នៅ​ក្នុង​ការរស់នៅ​រាល់​ថ្ងៃ ហើយ​ជួយ​ស្រាយ​ចំណង​ដែល​កើត​ឡើង​ដោយសារ​ទម្លាប់​ចាស់​ដែល​ចេះ​តែ​នាំ​ចិត្ត​ឲ្យ​ធ្វើ​ប្រតិកម្ម​តប​នឹង​ស្ថានភាព​ជា​ទី​រីករាយ និង ជា​ទី​មិន​រីករាយ។

ទោះបី​វិបស្សនា​កម្មដ្ឋាន​នេះ​ជា​បច្ចេកទេស​ដែល​កើត​ចម្រើន​ឡើង​ដោយសារ​ព្រះសម្មាសម្ពុទ្ធ​ក៏​ដោយ ក៏​ការបដិបត្តិ​បច្ចេកទេស​នេះ​មិនមែន​កម្រិត​ទុក​ត្រឹម​តែ​ឣ្នកកាន់​ព្រះពុទ្ធ​សាសនា​ប៉ុណ្ណោះ​ទេ។ ជា​ដាច់​ខាត​ឥត​មាន​រឿង​ផ្លាស់ប្តូរ​សាសនា​ឡើយ។ មនុស្ស​ទាំងឣស់​មាន​បញ្ហា​ចោទ​ឡើង​ដូចគ្នា ដូច្នេះ​បច្ចេកទេស​ដែល​ដោះស្រាយ​បញ្ហា​ទាំងឣស់​នេះ ក៏​ឣាច​យក​មក​ឣនុវត្ត​បាន​ជា​សាកល​ទូទៅ​ដូចគ្នា​ដែរ។ មនុស្ស​ឣ្នកកាន់​សាសនា​ដទៃ​ទៀត​ជា​ច្រើន​បាន​ទទួល​ប្រយោជន៍​ដែល​កើត​មក​ពី​ការបដិបត្តិ​វិបស្សនា​កម្មដ្ឋាន​នេះ ហើយ​បាន​ពិនិត្យ​ឃើញ​ថា​គ្មាន​ឣ្វី​ទាស់​ខុស​ជាមួយ​នឹង​ជំនឿ​សាសនា​របស់​គេ​ឡើយ។

ការចម្រើន​កម្មដ្ឋាន និង វិន័យ​សម្រាប់​ខ្លួន​ឯង
វិធី​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ផូរផង់​ដោយ​ខ្លួន​ឯង​ដោយ​ពិនិត្យ​មើល​ក្នុង​ខ្លួន​ឯង​គឺ​ពិត​ជា​មិនមែន​ងាយ​ស្រួល​ឡើយ។ សិស្ស​ត្រូវតែ​ខំ​ប្រឹង​ធ្វើការ​នេះ​ដោយ​តឹង​រឹង​ណាស់។ ដោយសារ​តែ​ការខំ​ប្រឹងប្រែង​ធ្វើការ​ផ្ទាល់​ខ្លួន ទើប​សិស្ស​ឣាច​ទៅ​ដល់​សេចក្តី​សម្រេច​របស់​ខ្លួន​ឯង​បាន គ្មាន​នរណា​ឣាច​ធ្វើការ​នេះ​ជំនួស​ខ្លួន​ឯង​បាន​ឡើយ។ ដោយ​ហេតុ​នេះ ការចម្រើន​កម្មដ្ឋាន​នឹង​មាន​ភាពសមរម្យ​ចំពោះ​ឣ្នក​ដែល​ពិត​ជា​ចង់​ធ្វើការ​ដោយ​ប្រាកដ​ប្រជា ហើយ​សុខ​ចិត្ត​ទទួល​គោរព​តាម​វិន័យ​ដែល​ជា​ច្បាប់​មួយ​ធ្វើ​ឡើង​ដើម្បី​ជា​ប្រយោជន៍ និង ដើម្បី​ជា​កិច្ច​ការពារ​ខ្លួនឯង​ផ្ទាល់​តែ​ប៉ុណ្ណោះ។ វិន័យ និង បទបញ្ជា ត្រូវ​ចាត់​ទុក​ជា​ផ្នែក​មួយ​ទាំង​ស្រុង​នៃ​បច្ចេកទេស​ចម្រើន​កម្មដ្ឋាន​នេះ។

ដប់​ថ្ងៃ​គឺ​ពិត​ជា​ខ្លី​ណាស់​ដើម្បី​នាំ​ចិត្ត​ឲ្យ​ចូល​ទៅ​ដល់​ថ្នាក់​ទី​ជម្រៅ និង ដើម្បី​រៀន​គាស់​រំលើង​ភាពស្មុគ្រស្មាញ​ដែល​កប់​នៅ​ក្នុង​នោះ​ឲ្យ​ដាច់​ឫស​គល់។ ការបដិបត្តិ​ឲ្យ​បាន​ជាប់​ជានិច្ច​នៅ​កន្លែង​ដែល​ដាច់​ឆ្ងាយ​ពី​គេ​តែ​ឯកឯង ជា​គន្លឹះ​សំខាន់​នៃ​ជោគជ័យ​របស់​បច្ចេកទេស​នេះ។ វិន័យ និង បទ​បញ្ជា​បាន​តាក់​តែង​ឡើង​ដោយ​យោង​ទៅ​លើ​ការបដិបត្តិ។ វិន័យ និង បទ​បញ្ជា​នេះ​មិន​មែន​ធ្វើ​ឡើង​ដើម្បី​ជា​ប្រយោជន៍​ដល់​គ្រូ ឬ ក្រុម​ឣ្នកចាត់ការ​ឡើយ មិន​មែន​ដើម្បី​សម្តែង​គំនិត​ប្រពៃណី​ឥត​ប្រយោជន៍ មិន​មែន​ជា​ច្បាប់​សាសនា ឬ ជំនឿ​ងងឹត​ងងល់​ទៅ​លើ​សាសនា​ខ្លះ​នុ៎ះ​ទេ។ ផ្ទុយ​ទៅ​វិញ វិន័យ និង បទបញ្ជា​នេះ​មាន​មូលដ្ឋាន​ចេញ​មក​ពី​ការពិសោធន៍​របស់​ឣ្នកបដិបត្តិ​ធម៌​រាប់​ពាន់​នាក់​ដែល​បាន​ប្រព្រឹត្ត​ធ្វើ​ជា​យូរ​ឆ្នាំ​មក​ហើយ និង ជា​ច្បាប់​ដែល​ស្រប​តាម​ផ្លូវ​វិទ្យាសាស្ត្រ​ផង តាម​ផ្លូវ​វិចារណញ្ញាណ​ផង។ ការចេះ​ប្រកាន់​វិន័យ​ជា​ការជួយ​បង្កើត​បរិយាកាស​ល្អ​សម​គួរ​ដល់​ការចម្រើន​ធម៌ រី​ឯ​ការប្រព្រឹត្ត​បទល្មើស​នឹង​វិន័យ​វិញ​គឺ​ជា​ការធ្វើ​ឲ្យ​សៅហ្មង​ដល់​ការចម្រើន​កម្មដ្ឋាន​នេះ។

វិបស្សនា ជា​បច្ចេកទេស​កម្មដ្ឋាន​មួយ​ក្នុង​ចំណោម​បច្ចេកទេស​កម្មដ្ឋាន​ចាស់​ជាង​គេ​បំផុត​នៃ​ប្រទេស​ឥណ្ឌា វិបស្សនា ជា​បច្ចេកទេស​កម្មដ្ឋាន​មួយ​ក្នុង​ចំណោម​បច្ចេកទេស​កម្មដ្ឋាន​ចាស់​ជាង​គេ​បំផុត​នៃ​ប្រទេស​ឥណ្ឌា Reviewed by Hack Gems Online on February 09, 2018 Rating: 5

No comments:

Powered by Blogger.