"ស្នេហាពិត"មានលក្ខណៈសីុជំរៅណាស់ វាមានរសផ្អែមល្ហែមនិងកក់ក្តៅបំផុតក្នុងជីវិតមនុស្ស តែអភព្វណាស់ដែលមានជីវិត មនុស្សភាគតិចបំផុត អាចបានស្គាល់រសជាតិនៃស្នេហាពិតនោះ។ ការ"លះបង់"ដែលមានលក្ខណៈយល់យ៉ាងសីុជំរៅ និងលំអិត អំពីមនោរម្មណ៍ដៃគូទៅវិញទៅមក និងការយល់យ៉ាងត្រឹមត្រូវអំពីតំលៃនៃការលះបង់នោះ ជាលក្ខណៈមិនអាចខ្វះបាននៃ"ស្នេហាពិត"។ មានក្តីស្រឡាញ់បែបហួងហែងដែលជាក្តីស្រឡាញ់បែបស្នេហាហើយ មានភាពស្មោះត្រង់នឹងក្តីស្នេហានោះហើយ តែបើសមត្ថភាពនៃការយល់ពីមនោរម្មណ៍នៃដៃគូមិនបានសីុជំរៅទេ នោះទំនាក់ទំនងស្នេហារបស់ពួកគេក៏នៅតែមិនអាចបង្កើតបានជំរកអត់រូបដ៏កក់ក្តៅមួយសំរាប់ជីវិតពួកគេដែរ។ ស្នេហាពិត ត្រូវតែបង្កើតបានជំរកគ្មានរូបរាងមួយដែលផ្តល់នូវភាពក្តៅបំផុតដែលគ្មានជំរកណាលើលោកអាចផ្តល់ភាពកក់ក្តៅស្មើនឹងជំរកដែលបង្កើតឡើងដោយស្នេហាពិតឡើយ។ គ្មានស្នេហាពិត ជីវិតពិតជាឯកោណាស់ អន្ទះអន្ទែងណាស់ សោកសង្រេងណាស់ ល្ហល្ហេវណាស់។ ដោយមិនផ្អែកលើភាពមានទ្រព្យឬអត់ទ្រព្យ ឬនៅឆ្ងាយឬជិតគ្នាឡើយ ទោះចំងាយរាប់លានយោជពីគ្នាក៏ដោយ ក៏ជំរកដែលបង្កើតដោយស្នេហាពិតនោះ នៅតែអាចផ្តល់ភាពកក់ក្តៅ ផ្អែមល្ហែម និងការរំភើបញាប់ញ័រដល់ជីវិតគូស្នេហ៍នៃស្នេហាពិតនោះបានដែរ។ ដោយភាពឯកកោខ្លាំងពេក និងចិត្តដែលមានតំរូវការភេទខ្ពស់ មនុស្សច្រើនបំផុតបានយកស្នេហាយ៉ាងរោលរាលបែបជាស្នេហាភេទ មកធ្វើជាជំរកអោយជីវិតពួកគេ ជំនួសអោយជំរកដែលបង្កើតដោយស្នេហាពិត។ ការផ្តល់អោយក្នុងស្នេហាពិត មានលក្ខណៈជាការលះបង់ តែការផ្តល់អោយក្នុងស្នេហារោលរាលបែបភេទ ត្រឹមតែជាការផ្គាប់ផ្គុន យកចិត្តយកថ្លើម ដើម្បីបានសំរេចរឿងភេទតែប៉ុណ្ណោះ។ ស្នេហានាំមុខដោយភេទ ធ្វើអោយជីវិតរបស់ពួកគេ ស្គាល់ត្រឹមតែតំលៃនៃការរួមភេទតែប៉ុណ្ណោះ ពួកគេត្រូវការគ្នាណាស់ ស្ទើរបាត់មុខគ្នាមិនបាន តែមិនមែនព្រោះមនោសញ្ចេតនាដែលពួកគេមានចំពោះគ្នានោះទេ គឺព្រោះតែភាពជាដៃគូរួមភេទដ៏សីុសង្វាក់គ្នារបស់ពួកគេនោះឯង ដែលពួកគេនឹករកគ្នាមិនឈប់មិនឈរនោះ។ ស្នេហាប្រភេទនេះ ពួកគេក៏មានអារម្មណ៍ថាជាជីវិតផ្អែមល្ហែមមិនអាចខ្វះបានរបស់ពួកគេដែរ តែទោះយ៉ាងណាវាមិនមែនជាខ្សែជីវិតកក់ក្តៅដែលបង្កើតដោយស្នេហាពិតឡើយ ព្រោះស្នេហាបែបសត្វរបស់ពួកគេនេះពួកគេមិនបានស្គាល់រសជាតិផ្អែមល្ហែមនៃការលះបង់ និងការទទួលបានការលះបង់នៃគូជីវិតរបស់ពួកគេឡើយ។ មានស្នេហាម្យ៉ាងទៀត ដែលពួកគេប្រើមនោសញ្ចេតនាតែម្យ៉ាង តែពួកគេមិនបានពាល់ត្រូវតំលៃឡើយ។ ពួកគេឈ្លោះប្រកែកគ្នាជាញឹកញាប់ គ្មានភាពផ្អែមល្ហែមក្នុងជីវិតទេ ហើយរឿងភេទរបស់ពួកគេក៏មិនខ្លាំងក្លាប៉ុន្មានដែរ តែពួកគេមិនបានបែកគ្នាទេ ព្រោះពួកគេផ្អៀងដោយមនោសញ្ចេតនាតែម្យ៉ាង ពួកគេនៅនឹកឃើញនេះ នឹកឃើញនោះដែលធ្វើអោយពួកគេចិត្តមិនដាច់ពីគ្នា។ ស្នេហាប្រភេទនេះ មិននាំមុខដោយភេទទេ គឺនាំមុខដោយមនោសញ្ចេតនាតែម្យ៉ាង។ ស្នេហាពិត ត្រូវតែជាចំណងស្នេហ៍ដែលនាំមុខដោយមនោសញ្ចេតនា និងតំលៃ។ ជាប្រភេទស្នេហាផ្អែមល្ហែម កក់ក្តៅ និងភ្លឺស្វាងបំផុត។ គឺជាប្រភេទស្នេហាដែលកើតមានដោយកម្របំផុតក្នុងជីវិតមនុស្ស៕
តើអ្វីទៅជាស្នេហាពិត?
Reviewed by Hack Gems Online
on
January 13, 2018
Rating:
No comments: