សម្បក​ក្រៅ​កាយ​ឆ្ងាយ​តម្លៃ​

យប់​យន់​ចង​ចិត្ត​លើក​ប៉ាកកា
រៀប​រាប់​កត់​ចារ​មនុស្ស​ឥឡូវ​
មាន​គ្រប់​សុទ្ធ​សព្វ​ខុស​ជា​ង​ត្រូវ​
លាយឡំ​យូរ​ទៅ​មនុស្ស​ឫស្យា​​ ។

បរិយាយ​ពី​ស្រី​លៃ​ប្រឹង​កែ
បម្រុង​ថ្នម​ថែ​ភ្លើង​តណ្ហា​
លៃលក​ពង្វក់​ខ្សែ​នេត្រា​
គ្រប់​រូប​ជនា​ឱ្យ​វង្វេង​ ។

រី​ពួក​ប្រុស​ព្រើល​ផ្គើន​​ហួស​ប្រាណ​
អាង​ទ្រព្យ​មាន​បានអួត​​ឥត​ក្រែង
លិបលលួច​លាក់​នឹង​ស្រី​ក្មេង​
តម្កើង​ក្ដែងៗ​អាង​យសស័ក្ដិ​ ។

សម្បក​ក្រៅ​កាយ​ឆ្ងាយ​តម្លៃ​
បែរ​មនុស្ស​ប្រុស​ស្រី​ខំ​តែង​តាក់​
សម្ងើច​សម្ញែង​ក្លែង​បំពាក់​
បង្អួត​បណ្ដាក់​កាយ​សម្រស់​ ។

រូប​អើយ​ទាញ​ចិត្ត​មនុស្ស​ឱ្យ​ស៊ុន​
ចេតនា​ជាប់​កុន​ផុង​ធ្លោយ​ថ្លោះ
លែង​បាន​គិត​អ្វី​ឱ្យ​ឆ្ងាយ​ខ្ពស់​
វិលវល់​ពុល​ឈ្លក់​នឹង​អាត្មា​ ។

សម្បក​ក្រៅ​កាយ​ឆ្ងាយ​តម្លៃ​ សម្បក​ក្រៅ​កាយ​ឆ្ងាយ​តម្លៃ​ Reviewed by Hack Gems Online on January 21, 2018 Rating: 5

No comments:

Powered by Blogger.