«សុភាសិតកូរ៉េ» ៧ឃ្លា ដែលអាចផ្លាស់ប្តូរជីវិតអ្នកបាន
ប្រទេសកូរ៉េ ជាប្រជាជាតិដ៏ចំណាស់បំផុត មានអាយុជាង ៣០ម៉ឺនឆ្នាំមុនគ្រិស្ថសករាជ ដូចនេះមានសុភាសិតល្អៗជាច្រើនដែលបានបន្សល់ទុកសម្រាប់មនុស្សជាតិ។ ចូរស្វែងយល់អំពីសុភាសិតល្អរបស់កូរ៉េ ៧ឃ្លាខាងក្រោម៖
ធ្នូ ១៦, ២០១៧
តាមពិតទៅ ប្រជាជនកូរ៉េមានប្រវត្តិសាស្រ្តជាយូរលង់មកហើយ និងជាប្រជាជាតិដ៏ចំណាស់ផងដែរ ដោយតាមឯកសារប្រវត្តិសាស្រ្តខ្លះបានបង្ហាញថា មានអាយុកាលជាង ៣០ម៉ឺនឆ្នាំមុនគ្រិស្ថសករាជទៅទៀត។ នៅពាក់កណ្តាលសតវត្សរ៍ទី២០ ពោលគឺក្នុងសង្គ្រាមលោកលើកទី២ ប្រទេសកូរ៉េត្រូវបែងចែកជាពីររហូតដល់សព្វថ្ងៃ គឺកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ ថ្ងៃនេះ គេហទំព័រចែកចាយ សូមដកស្រង់ និងប្រែសម្រួលនូវសុភាសិតបុរាណកូរ៉េ៧ ដែលមានប្រយោជន៍សម្រាប់ជីវិតរស់នៅ។
១. «ទោះបីអ្នកស្គាល់ផ្លូវនោះច្បាស់ប៉ុណ្ណាក្តី ចូរឆ្លៀតសួរគេម្តងទៀត»។ អត្ថន័យ៖ កុំមានជំនឿជាក់ជ្រុលហួសហេតុពេក ចំពោះហេតុការណ៍រឿងរ៉ាវទាំងឡាយដែលអ្នកច្បាស់ ពីព្រោះអាចមានរឿងជាច្រើនដែលប្រែប្រួល និងមិនអាចរំពឹងទុកមុនបាន។
២. «រទះទទេរ រមែងលន់សម្លេងខ្លាំង»។ អត្ថន័យ៖ មានន័យស្រដៀងនឹងឃ្លាថា មេមាន់ដែលស្រែកតុកាតតខ្លាំង រមែងពងមិនច្រើនដូចមេមាន់ដែលសំងំក្រោបពងឡើយ។ វាមានអត្ថន័យដូចសុភាសិតខ្មែរយើងដែរ គឺ «ឆ្កែព្រុសមិនដែលខាំ»។ សម្រាប់មនុស្សវិញ មិនសំខាន់ថា អ្នកពូកែនិយាយ ឬពូកែអួតអាងប៉ុណ្ណាទេ សំខាន់ គឺលទ្ធផលដែលអ្នកធ្វើសម្រេចបាន។
៣. «ទីណាមានឆន្ទះ ទីនោះមានផ្លូវ»។ អត្ថន័យ៖ ឲ្យតែមនុស្សមានឆន្ទះ និងមានបំណងច្បាស់លាស់មុតមាំ នោះវានឹងអាចទៅរួច ឬមានវិធីសាស្រ្តដែលអាចធ្វើទៅបានហើយ។ បើមនុស្សមានឆន្ទះដើម្បីសម្រេចអ្វីមួយ នោះគេនឹងព្យាយាមស្វែងរកវិធីសាស្រ្តដើម្បីធ្វើវាឲ្យបាន។
៤. «គ្រាប់សណ្តែកតែងតែដុះចេញពីកន្លែង ដែលគេដាក់ដាំនោះ»។ អត្ថន័យ៖ ស្រដៀងគ្នានឹងសុភាសិតខ្មែរមួយ គឺ ស្លឹកឈើ ជ្រុះមិនឆ្ងាយពីគល់។ សម្រាប់ជីវិតរស់នៅវិញ គឺក្មេងៗ តែងតែមើលអ្វីដែលឪពុកម្តាយ ឬសង្គមជិតខ្លួនវា ហើយវានឹងធ្វើតាមគំរូទាំងអស់នោះ។ អ៊ីចឹងមានន័យថា ប្រសិនបើក្មេងនោះសំដែងចេញអកប្បកិរិយាបែបណា នោះមានន័យថា ឪពុកម្តាយរបស់គេក៏ប្រហែលជាមានអកប្បកិរិយាបែបនោះដែរ។
៥. «ឲ្យតែចាប់ផ្តើម គឺសម្រេចបានពាក់កណ្តាល»។ អត្ថន័យ៖ គ្រប់កិច្ចការទាំងឡាយ ការចាប់ផ្តើមគឺសំខាន់ណាស់ ពីព្រោះកិច្ចការទាំងឡាយមិនសម្រេចជាលទ្ធផល ដោយសារការមិនព្រមចាប់ផ្តើម។ ដូចនេះបើអ្នកចាប់ផ្តើម ទោះបីលទ្ធផលចុងក្រោយយ៉ាងម៉េចក្តី ប៉ុន្តែមានន័យថា អ្នកសម្រេចលទ្ធផលបានពាក់កណ្តាលទៅហើយ។
៦. «កុំព្យាយាមបិទបាំងមេឃ ដោយម្រាមដៃ»។ អត្ថន័យ៖ អ្នកអាចបិទបាំងមេឃាបាន ដោយអ្នកគ្រាន់តែយកម្រាមដៃបិទកែវភ្នែកទាំងពីររបស់អ្នក ប៉ុន្តែមេឃនៅតែជាមេឃដដែល។ អ្នកមិនគួរព្យាយាម បិទបាំងការពិតដែលធ្លាប់កើតឡើងចំពោះអ្នកឡើយ ពីព្រោះអ្នកដទៃគង់តែដឹងនៅថ្ងៃណាមួយមិនខាន។ សូមចងចាំថា៖ មានរបស់បីយ៉ាងដែលមិនអាចលាក់បាន គឺព្រះអាទិត្យ ព្រះច័ន្ទ្រ និងការពិត ដូចនេះចូរស្មោះត្រង់!
៧. «សត្វស្វា ក៏គង់នឹងធ្លាក់ពីដើមឈើ»។ អត្ថន័យ៖ ទោះបីអ្នកជំនាញប៉ុណ្ណាក៏ដោយ ក៏រមែងនឹងធ្វេសប្រហែស ឬបង្កើតកំហុសណាមួយមិនខាន។ ចូរប្រុងប្រយ័ត្ន!៕
No comments: