#បើមិនព្រោះតែលុយ
រាល់ថ្ងៃជីវិតយើងត្រូវទទួលរងភាព ហត់នឿយ ហាលខ្យល់ ហាលភ្លៀង អត់ងងុយ ស្ត្រេស អស់កម្លាំង គឺព្រោះតែលុយ ហើយលុយបានមកដើម្បីតែចិញ្ចឹមជីវិត។ រស់នៅរាល់ថ្ងៃ រកន័យអត់ឃើញ រស់នៅគ្មានគោលដៅស្អីឲ្យច្បាស់លាស់នឹងគេ រស់លេងៗ ធ្វើការ បើកលុយ ស៊ីចាយហ៊ឺហារ...។ លុយគ្រាន់តែក្រដាស ដែលផលិតដោយម៉ាស៊ីន ហើយវាត្រូវបាន បង្កើតឡើងដោយមនុស្ស ប៉ុន្តែវាបង្វិលខួរក្បាលយើង ឥតឈប់ ពេលខ្លះរកតែពេលសម្រាកមិនចង់បានផងក៏មាន។ ប៉ុណ្ណឹងហើយ នៅតែមិនបានចាយ ដោយស្រួល តាមចិត្តចង់ផង។
បើដើម្បីតែក្រពះមួយរបស់យើង ការងារសាមញ្ញធម្មតា ក៏អាចរស់បានដែរ។ ប៉ុន្ដែបានម្ហូបហើយនៅគិតចង់ឆ្ងាញ់ បានឆ្ងាញ់ហើយគិតចង់ល្អ ថ្លៃ។ ខោអាវមិនត្រឹមចង់មានត្រឹមស្លៀកពាក់ទេ គឺចង់មានឲ្យនៅសល់ក្នុងទូ មានថ្មីមានចាស់ និងមានតម្រូវតាមកម្មវិធីនានាទៀត។ ចង់បានសម្រាប់តែខ្លួនឯងវាមិនពិបាកណាស់ណាដែរ តែនៅចង់បានដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយទៀត។
ដោយសារតែលុយ ទើបអ្នកខ្លះសុខចិត្តចាកចេញឆ្ងាយផ្ទះ ឃ្លាតស្រុកកំណើត ឃ្លាតក្រុមគ្រួសារ ទៅធ្វើការវេទនា នៅស្រុកគេ ហាលខ្យល់ ហាលភ្លៀង ត្រូវគេប្រមាថ មើលងាយមើលថោក។ ពេលខ្លះលុយ វាធ្វើឲ្យជីវិតយើងថោក រហូតត្រូវបានគេជាន់ឈ្លី ដោយឥតញញើតសូម្បីតែបន្ដិចបន្ដួច។
រាល់ថ្ងៃនេះ សួរថាមានប៉ុន្មាននាក់ដែលភ្ញាក់ពីគេង ហើយរីករាយជាមួយខ្លួនឯង ដែលត្រូវទៅធ្វើការឲ្យទាន់ម៉ោង ជាមួយនឹងការ ធ្វើដំណើរដ៏គួរឲ្យធុញទ្រាន់នៅលើផ្លូវរាប់ម៉ោង ត្រូវជួបនឹងការកកស្ទះចរាចរណ៍ទៀត។ ហើយមានពេលខ្លះ នៅកន្លែងការងារក៏ត្រូវគេស្ដីបន្ទោសឲ្យទៀត។ បើមិនព្រោះតែលុយ បើមិនព្រោះតែយើងចង់បានល្អជាងនេះ យើងក៏មិនបាំបាច់ត្រូវលំបាកដោយសារតែលុយ ដូចរាល់ថ្ងៃនេះឡើយ...៕
“លុយគ្រាន់តែជាក្រដាសដែលមនុស្សមួយក្រុមបង្កើតឡើង ប៉ុន្តែវាបានធ្វើឲ្យមនុស្សគ្រប់គ្នារវល់រាល់ថ្ងៃ ក្រោមភ្លៀង ក្រោមក្ដៅ ហាលខ្យល់ ស៊ូប្រឹងធ្វើការងារគ្រប់បែបយ៉ាងដើម្បីរកលុយ”
ដកស្រង់ពីសៀវភៅ វិញ្ញាសាជីវិត
No comments: