ដកស្រង់ ពីសៀវភៅសាសនា តើព្រះព្រះសិវៈ ឬព្រះឥសូរជានរណា
អាទិទេពដ៏មានឫទ្ធិអំណាចមួយអង្គនៅក្នុងសាសនាព្រាហ្មណ៍ ដែលជាការនិយមគោរពសក្ការបូជានៅក្នុងសង្គមខ្មែរកាលពីសម័យបុរាណ ជាពិសេសទេវរូបដែលគេគិតថាបដិមាតំណាងដ៏សំខាន់តម្កល់តាមប្រាង្គប្រាសាទនោះ គឺព្រះឥសូរ ឬព្រះសិវៈ ដែលមានបដិមាសិវលឹង្គជាតំណាង។ ចំណែកឯប្រាសាទបុរាណភាគច្រើនបានឧទ្ទិសថ្វាយព្រះឥសូរ ឬព្រះសិវៈ ដែលមានតម្កល់ព្រះបដិមាព្រះសិវលឹង្គជាតំណាងនៅលើបល្ល័ង្កយោនីព្រះនាងឧមា ទៀតផង។ គេសាងរូបអាទិទេពនេះជាលឹង្គ (Linga) តម្កល់ឲ្យស្ថិតនៅជាមួយយោនី (Yoni) ព្រះនាងឧមា ជានិមិត្តរូបនៃការបង្កើតលោក។
តាមប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងដែរថា នៅដើមសតវត្សរ៍ទី១ នៃគ.ស. ប្រជានុរាស្ត្រខ្មែរនាសម័យបុរាណនោះ មានការពេញនិយមព្រះអាទិទេពអង្គនេះ ជាងព្រះអាទិទេពផ្សេងៗ ឯទៀត ដែលសុទ្ធសឹងតែមានប្រភពមកពីឥណ្ឌាទាំងអស់។ ការឆ្លាក់លឹង្គព្រះឥសូរ តម្កល់លើយោនីព្រះនាងឧមា ឬព្រះនាងទូគ៌ា នេះ បានក្លាយទៅជាប្រពៃណីដែលវិចិត្រករខ្មែរយើងសម័យអង្គរបានត្រាប់តាម ហើយនាសម័យអង្គរនោះដែរ ត្រីសូល៌មុខ៣ ក៏ជាអាវុធ ឬក៏ជាវត្ថុស័ក្តិសិទ្ធិរបស់ពួកព្រាហ្មណ៍និកាយសិវៈផងដែរ។
បើនិយាយមួយបែបទៀត ក្នុងការគោរពបូជាលទ្ធិព្រហ្មណ៍ ខ្មែរខ្លះចូលចិត្តព្រះព្រហ្ម ខ្លះទៀតព្រះនារាយណ៍ (ព្រះវិស្ណុ) ក៏ប៉ុន្តែជាទូទៅការនិយមប្រតិបត្តិព្រះសិវៈ ឬព្រះឥសូរនេះ គឺមានកម្រិតខ្ពស់ជាងព្រះអាទិទេពផ្សេងៗទៀត។ ម៉្យាងទៀត រូបចម្លាក់លោតបុរេអង្គរជាច្រើន ទាក់ទងនឹងចម្លាក់ព្រះសិវៈ ក្រោមរូបភាពជានិមិត្តសញ្ញា គឺព្រះលឹង្គ ដែលជាទម្រង់លក្ខណៈ ឬក៏ចំណែកមួយនៃសារព៌ាង្គកាយរបស់ព្រះសិវៈ ដែលបង្ហាញឲ្យឃើញនូវអាទិភាពព្រះអាទិទេព អង្គនេះក្នុងសង្គមខ្មែរ។ ចម្លាក់នៃព្រះអាទិទេពចម្បងខាងលើនេះ មានភាពសម្បូរបែបតាំងពីសម័យបុរេអង្គរ (មុនសម័យអង្គរ) មកម្ល៉េះ ជាពិសេសចម្លាក់មានរូបរាងមនុស្សមានផ្នួងសក់ ហើយមានកាន់ខ្សែផ្គាំនៅលើដៃ និងមនុស្សមានភ្នែកបី លំអដោយចំណិតព្រះច័ន្ទលើផ្នួងសក់ និងគ្រឿងអលង្ការជាដើម។
មកដល់សម័យអង្គរជាពិសេសក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី២ ដែលជាព្រះមហាក្សត្រដ៏ល្បីល្បាញមួយព្រះអង្គ ទ្រង់បានធ្វើឲ្យមានការផ្លាស់ប្តូរថ្មីមួយនៅក្នុងប្រព័ន្ធគ្រប់គ្រងសង្គមខ្មែរ ក៏ដូចជាខាងផ្នែកជំនឿសាសនាផងដែរ។ ព្រឹត្តិការណ៍ដែលបានកើតឡើងនាពេលនោះ បានដក់ជាប់ក្នុងផ្នត់គំនិតនៃអ្នកដឹកនាំ ក៏ដូចជាប្រជារាស្រ្តខ្មែរទាំងឡាយ ហើយកិត្តិនាមរបស់ព្រះអង្គក៏មានភាពល្បីរន្ទឺ នៅសម័យកាលក្រោយៗមក។ តាមសិលាចារឹកស្តុកកក់ធំ ដែលចារនៅសម័យក្រោយ បានបញ្ជាក់ឲ្យដឹងដែរថា នៅចុងសតវត្សរ៍ទី៨ ព្រះបាទជ័យវរ្ម័នទី២ បានធ្វើការបង្រួបបង្រួមនូវក្រុមមនុស្សដែលបានបំបែកទឹកដី ឲ្យទៅជានគរតូចទាំងឡាយឲ្យមករួបរួមគ្នាវិញ និងឈានទៅបង្កើតអាណាចក្រមួយ ប្រកបដោយឥទ្ធិពលនៅក្នុងតំបន់។ ក្រោយពីសម្រេចបាននូវការបង្រួបបង្រួមនេះ ព្រះអង្គបានសម្រេចព្រះទ័យ ជ្រើសរើសយកភ្នំគូលេន ដើម្បីរៀបចំពិធីទេវរាជ នៅឆ្នាំ៨០២ ក្នុងបំណងប្រកាសពីការបង្រួបបង្រួមជាតិ និងការមានឯករាជ្យ ដោយបានបញ្ជាក់ថា ចាប់ពីពេលនេះទៅ អាណាចក្រខ្មែរលែងចំណុះឲ្យជ្វាទៀតហើយ។ តាមរយៈព្រះរាជពិធីនេះ ព្រះអង្គបានក្លាយទៅជាព្រះមហាក្សត្រ ដែលជាស្តេចចក្រពត្តិ នៅចក្រភពខ្មែរ ។ ព្រះមហាក្សត្រខ្មែរក្រោយៗមកទៀតបានយកគំរូតាម ដោយបានធ្វើការរៀបចំព្រះរាជពិធីគោរព “សិវលឹង្គ” ដែលជាវត្ថុពិសិដ្ឋ សម្រាប់រាជ្យ ដើម្បីក្លាយជាស្តេចគ្រប់គ្រងទឹកដី។
No comments: