អ្នកនិយាយថានេះជាក្តីស្នេហាយ៉ាងម៉េចទៅ

តើអ្នកនិយាយថានេះជាក្តីស្នេហាយ៉ាងម៉េចទៅបាន​  បើចេញពីក្តីស្រឡាញ់នេះ​ អ្នកមានតែការទាមទារ​ បើទុកជាពេលខ្លះអ្នកផ្តល់អោយខ្ញុំ​ ក៏ក្នុងជំរៅចិត្តអ្នក​ គឺគ្រាន់តែដើម្បីអោយបានអ្វីដែលអ្នកចង់បានពីខ្ញុំត្រលប់ទៅវិញតែប៉ុណ្ណោះនោះ។ វាមិនមែនជាការលះបង់របស់អ្នកចំពោះមនុស្សដែលអ្នកស្រឡាញ់ទេ​  តែជាការផ្តល់អោយមួយ​ ដែលបង្កប់ទំពក់ដើម្បីខ្លួនអ្នក។  ខ្ញុំមិនបានទទួលភាពកក់ក្តៅពីក្តីស្រឡាញ់ដើម្បីតែខ្លួនឯងបែបនេះរបស់អ្នកទេ។  ខ្ញុំមើលមិនឃើញថាអ្នកស្រឡាញ់ខ្ញុំទេ​ ខ្ញុំឃើញតែអ្នកធ្វើគ្រប់យ៉ាងដើម្បីខ្លួនឯង។ ខ្ញុំនិយាយពាក្យបែបនេះចេញ​ ព្រោះខ្ញុំបានយល់ពីតំលៃនៃក្តីស្នេហាពិត​ ម្លោះហើយសូមអ្នកកុំបារម្ភថាខ្ញុំនឹងមានក្តីស្រឡាញ់ប្រភេទអ្នកចំពោះមនុស្សដែលខ្ញុំស្រឡាញ់អោយសោះ​ ខ្ញុំយល់ពីតំលៃនៃការផ្តល់អោយព្រោះតែមានក្តីស្រឡាញ់ពិតចំពោះអ្នកណាមួយច្បាស់លាស់ណាស់។ ខ្ញុំនិយាយនេះគឺគ្រាន់តែសូមអោយអ្នកធ្វើខ្លួនអោយមានតំលៃសមនឹងបានទទួលក្តីស្នេហាពិតពីខ្ញុំតែប៉ុណ្ណោះ​ ព្រោះថា​ ខ្ញុំមិនអាចលះបង់ឬផ្តល់អោយចំពោះមនុស្សដែលមនសិកាខ្ញុំប្រាប់ថា​ អ្នកនោះមិនមានតំលៃសមនឹងទទួលបានការលះបង់ឬការផ្តល់អោយដែលគ្មានទំពក់ពីខ្ញុំនោះសោះឡើយ។ នេះជាតំលៃនៃការផ្តល់អោយដែលខ្ញុំតែងតែនឹកដល់​ រាល់ពេលដែលខ្ញុំធ្វើចំពោះគេ​ និងជាមូលដ្ឋាន​ វាយតំលៃនូវទង្វើររបស់គេមកកាន់ខ្ញុំវិញផងដែរ។ ខ្ញុំមិនធ្វើអ្វីទៅកាន់អ្នកដើម្បីអោយអ្នកស្រឡាញ់ខ្ញុំ​ ឬដើម្បីអោយបានទទួលការស្រឡាញ់របស់អ្នកមកកាន់ខ្ញុំទេ​ ការធ្វើរបៀបនេះជាការផ្គាប់ផ្គុន​ ដែលក្នុងជំរៅចិត្តគឺធ្វើដើម្បីខ្លួនឯងនោះទេ​ ព្រោះខ្ញុំមានអារម្មណ៍ខ្មាស់ខ្លួនឯងដែលខ្ញុំដឹងច្បាស់ថាខ្ញុំមិនបានលះបង់ដើម្បីអ្នកទេ​ តែខ្ញុំធ្វើដើម្បីខ្លួនឯងនោះទេ។ ខ្ញុំស្រឡាញ់អ្នក​ អ្នកក៏ត្រូវតែស្រឡាញ់ខ្ញុំវិញដែរ​ នោះវាមិនមែនជាការទាមទារឬវាមិនមែនជារឿងដែលខ្ញុំត្រូវផ្គាប់ផ្គុនអ្នកអោយអ្នកព្រមស្រឡាញ់ខ្ញុំនោះទេ​ តែអ្នកស្រឡាញ់ខ្ញុំ​ ហើយខ្ញុំក៏ស្រឡាញ់អ្នកវាជាលក្ខខណ្ឌនៃក្តីស្នេហា​ទេតើ។ កុំស្រឡាញ់ខ្ញុំព្រោះខ្ញុំបានផ្គាប់ផ្គុនអ្នក​អោយសោះ មនុស្សធុននេះមិនសមនឹងបានទទួលក្តីស្រឡាញ់ពីមនុស្សដែលមានតំលៃទេ​ បើអ្នកព្រមប្រគល់ក្តីស្រឡាញ់អោយមនុស្សផ្គាប់ផ្គុនធុននេះ​ នោះអ្នកក៏ជាមនុស្សគ្មានតំលៃសមអោយខ្ញុំស្រឡាញ់​ ឬប្រគល់ក្តីស្រឡាញ់របស់ខ្ញុំទៅអោយដែរ សូមអ្នកមើលតំលៃជាមនុស្សរបស់ខ្ញុំវិញ​ តើមនុស្សខ្ញុំមានតំលៃសមនឹងអោយអ្នកស្រឡាញ់ដែរឬទេ? ខ្ញុំក៏មើលអ្នកក្នុងទំរង់បែបនេះដូចគ្នា​ អីចឹងហើយបានជាខ្ញុំនិយាយថារាល់អំពើល្អរបស់ខ្ញុំទៅកាន់អ្នក​ គឺមិនមែនជាការផ្គាប់ផ្គុនដើម្បីអោយអ្នកស្រឡាញ់ខ្ញុំទេ​ តែខ្ញុំធ្វើទៅកាន់អ្នកព្រោះខ្ញុំយល់ថា​ មនុស្សអ្នកមានតំលៃសមនឹងយកមកធ្វើជាគូជីវិតរបស់ខ្ញុំណាស់ ខ្ញុំធ្វើល្អគ្រប់យ៉ាងទៅកាន់អ្នក​ មិនមែនជាការផ្គាប់ផ្គុនអ្នកទេ​ តែព្រោះតែតំលៃរបស់អ្នកទេតើ។  តែទោះជាខ្ញុំយល់ថាអ្នកមានតំលៃសមនឹងយកមកធ្វើជាគូជីវិតរបស់ខ្ញុំក៏ដោយ​ ឬខ្ញុំបានបាក់ចិត្តលង់ស្រឡាញ់អ្នកជ្រៅប៉ុណ្ណាក៏ដោយ​ បើអ្នកប្រាប់ខ្ញុំ​ថា ខ្ញុំមិនសមនឹងអ្នកទេ​ ឬធ្វើសកម្មភាពណាមួយបញ្ជាក់អោយខ្ញុំដឹងថា​ មនុស្សខ្ញុំមិនមានតំលៃសមនឹងធ្វើជាគូជីវិតរបស់អ្នកទេ​ នោះខ្ញុំនឹងកាត់ក្តីស្រឡាញ់នោះចោលភ្លាម​ ទោះវាមិនដាច់ភ្លាមៗក៏ដោយ​ក៏ខ្ញុំនឹងព្យាយាមដើរចេញពីអ្នកអោយបានដែរ​ ព្រោះខ្ញុំមានអារម្មណ៍ថា​ ក្តីស្រឡាញ់ដ៏ស្មោះត្រង់​ ប្រកបដោយការផ្តល់អោយដែលគ្មានបង្កប់ទំពក់​របស់ខ្ញុំ​ វាត្រូវតែបានទៅជាភាពកក់ក្តៅនៃជីវិតដៃគូស្នេហារបស់ខ្ញុំ តែបើក្តីស្រឡាញ់របស់ខ្ញុំមិនបានបំពេញលក្ខខណ្ឌនេះទេ​ តែវាបានទៅជាការមិនពេញចិត្តរបស់អ្នកទៅវិញ​ នោះការពាល់ត្រូវតំលៃក្នុងចិត្តខ្ញុំ​ វាប្រាប់ខ្ញុំថា​ ក្តីស្រឡាញ់របស់ខ្ញុំចំពោះអ្នកវាជាចិត្តឬទង្វើដែលគ្មានតំលៃសមនឹងបន្តធ្វើទេ។ ខ្ញុំនឹងមិនអោយមនោសញ្ចេតនាបែបស្នេហារបស់ខ្ញុំ​ គ្របលប់លើតំលៃនៃការងារដែលខ្ញុំសំរេចចិត្តថានឹងត្រូវធ្វើឡើយ។ នេះគឺតំលៃ​ ដែលជានិច្ចជាកាលវាត្រូវដើរទន្ទឹមគ្នានឹងមនោសញ្ចេតនារបស់ខ្ញុំ​ វាអាចប្រៀបបាននឹងយន្តហោះមួយដែលអាចហោះទៅមានលំនឹងល្អព្រោះមានស្លាបពីរមានតំលៃប្រហាក់ប្រហែលគ្នា​ គឺស្លាបម្ខាងជាមនោសញ្ចេតនា​ និងស្លាបម្ខាងទៀតជាចិត្តដែលពាល់ត្រូវតំលៃ​ នូវរឿងដែលគួរធ្វើឬមិនគួរធ្វើ​។ ដាច់ខាតខ្ញុំមិនអោយមនោសញ្ចេតនា​ ដឹកមុខការងារដែលជាតំលៃដែលចិត្តខ្ញុំបានពាល់ត្រូវដាច់ខាត។ ដៃគូជីវិតខ្ញុំដាច់ខាត​ គេត្រូវតែជាមនុស្សមានសមត្ថភាពពាល់ត្រូវមនោសញ្ចេតនារបស់ខ្ញុំ​ និងតំលៃនៃការផ្តល់អោយរបស់ខ្ញុំចំពោះគេ៕

អ្នកនិយាយថានេះជាក្តីស្នេហាយ៉ាងម៉េចទៅ អ្នកនិយាយថានេះជាក្តីស្នេហាយ៉ាងម៉េចទៅ Reviewed by Hack Gems Online on January 17, 2018 Rating: 5

No comments:

Powered by Blogger.